General knowledge

៥​សំណួរ​ដែល​​​​​ត្រូវ​សួរ​​ខ្លួនឯង ​មុន​​​​ប្រឡូក​ក្នុង​អាជីវកម្ម
៥ សំណួរ​​​​​ត្រូវ​សួរ​​ខ្លួនឯង​មុន​នឹង​ធ្វើ​ជា​សហគ្រិន​ចូល​​ប្រឡូក​ក្នុង​អាជីវកម្មប្រភព៖​ dnb
ការ​បើក​អាជីវកម្ម​ថ្មីថ្មោង ​ពិត​​ជា​រឿង​លំបាក​សម្រាប់​អ្នក​ដែល​​ទើប​​នឹង​ប្រឡូក​អាជីវកម្ម​ដំបូង​ព្រោះ​អ្វីៗ ប្រៀប​បាន​​ចាប់ផ្តើម​ឡើង​ពី​ចំណុច​សូន្យ។ បើ​មាន​បទពិសោធន៍ ដើម​ទុក​ច្រើន​ និង មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់​គឺ​ជា​រឿង​ល្អ​មួយ តែ​បើ​​​អ្នក​មិន​ដឹង​ថា​តើ​ត្រូវ​​ធ្វើ​អាជីវកម្ម​​ចាប់ផ្តើម​ពី​ចំណុច​ណា? ត្រូវ​ការ​អ្វី​ខ្លះ? នោះ​​ពិត​ជា​ទាមទារ​ឲ្យ​លោក​អ្នក​សិក្សា​ស្រាវជ្រាវ និង ត្រូវ​ការ​ជំនួយ​បន្ថែម​ហើយ។


នេះ​ហើយ​ជា​មូលហេតុ​ដែល ​The BNEWS បាន​លើកយកសំណួរ​​ទាំង​ ៥ ​ខាងក្រោម​នេះ សម្រាប់​ប្រិយមិត្ត ជា​ពិសេស​អ្នក​ដែល​មាន​បំណង​ចង់​បើក​អាជីវកម្ម​​ត្រូវ​​សួរ​ខ្លួនឯង​ជា​មុន​។ តើ​សំទាំងនោះ​មាន​អ្វី​ខ្លះ?​



១) តើ​អ្នក​មាន​មហិច្ឆតា​​បើក​អាជីវកម្ម​របស់​អ្នក​ដែរឬទេ?

​ជា​ទូទៅ​សហគ្រិន ដូច​ជា​​​អ្នកជំនួញ ​ឬ ​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក តែង​មាន​មហិច្ឆតា​រៀងៗខ្លួន​ដើម្បី​បង្កើត​​​​អាជីវកម្ម​ឲ្យ​ជោគជ័យ។ បើ​គ្មាន​មហិច្ឆតា​ទេ ម្ល៉េះ​​អាជីវកម្ម​របស់​សហគ្រិន​ទាំង​នេះ​​គ្មាន​ផ្លូវ​បាន​ឃើញ​ពន្លឺ​ថ្ងៃ​នោះ​​ឡើយ​។ ដូច្នេះ​វា​សំខាន់​ណាស់​សម្រាប់​សហគ្រិន​ថ្មីថ្មោង​ ដើម្បី​​ស្គាល់​ខ្លួន​ឯង​​ឲ្យ​កាន់តែ​ច្បាស់​ថា ពិត​ជា​ដាក់ចិត្ត​ដាក់​កាយ និង មាន​មហិច្ឆតា​​ពិតប្រាកដ​ចង់​បើក​អាជីវកម្ម​មួយ​​​​ហើយ​ឬ​យ៉ាងណា។ បើ​មហិច្ឆតា​​នៅ​មាន​កម្រិត ​ហើយ​មាន​ភាព​ស្ទាក់ស្ទើរ​ច្រើន​នោះ​​ ត្រូវ​​ប្ដេជ្ញា​ចិត្ត​​​បំផុស​វា​ឡើង​ឲ្យ​កាន់តែ​ធំ ​នោះ​ផ្លូវ​ឆ្ពោះ​ទៅ​ការ​បើក​អាជីវកម្ម​​នឹង​អាច​លេច​រូបរាង​បាន។

អតីត​និស្សិត​ពូកែ​​​ភាសា​អង់គ្លេស​ពិន្ទុ IELTS​ ៨.០​ បង្ហើប​គន្លឹះ ៥យ៉ាងនាំ​​​ភាព​ជោគជ័យ​ក្នុង​ជីវិត​សិក្សា


​​​​​​​​២) តើ​​អាជីវកម្ម​​​របស់​អ្នក​មាន​សក្ដានុពល​នៅ​លើ​ទីផ្សារ​ដែរ​ឬ​ទេ?

សំណួរ​​នេះ ​នឹង​អាច​រក​ឃើញ​ចម្លើយ​នៅ​ពេល​ដែល​លោក​អ្នក​បាន​សម្លឹង​មើល​ និង បាន​ស្រាវជ្រាវ​ទីផ្សារ​អាជីវកម្ម​បាន​កាន់តែ​ច្រើន​​ឡើង​ពី​កម្រិត​នៃ​ការ​ទាក់ទាញ និង ការ​ទទួល​បាន​ការ​គាំទ្រ​ពី​​សាធារណជន។ បើ​អ្នក ​មិន​ដឹង​ថា​ទីផ្សារ​ត្រូវ​ការ​អ្វី មាន​ស្ថានភាព​បែប​ណា តើ​អ្នក​បង្កើត​អាជីវកម្ម​ដើម្បី​អ្វី​ទៅ? គន្លឹះ​ដ៏​ល្អ​នៅ​ទី​នេះ គឺ​​មានតែ​ការ​ស្រាវជ្រាវ​ទីផ្សារ​​​បាន​ត្រឹមត្រូវ និង ​ច្បាស់លាស់​បំផុត​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​រក​ឃើញ​អាជីវកម្ម​ពិត​ប្រាកដ​មួយ​សម្រាប់​​ខ្លួនឯង​បាន។


៣) តើ​អ្នក​ត្រូវ​ការ​ប្រាក់​ប៉ុន្មាន? ចំណាយ​លើ​អ្វី​ខ្លះ?

ដោយហេតុថា​អាជីវកម្ម​បើក​ដំបូង​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​មកវិញ​​បាន​ភា្លមៗ​ ​សហគ្រិន​ទាំងអស់​ត្រូវ​កំណត់​ពី​​ដើមទុន​​របស់​ខ្លួន​ក្នុង​ការ​បើក​អាជីវកម្ម​នេះ និង ​រៀបចំ​គម្រោង​​ឲ្យ​ពិត​ប្រាកដ​ពី​ការ​​ចំណាយ​ផ្សេងៗ​ទៀត។ អ្វី​ដែល​សំខាន់​ជាង​នេះ ជា​​ទូទៅ​អាជីវកម្ម​ថ្មីថ្មោង​ត្រូវ​មាន​ទុន​បម្រុង​ផ្សេង​ទៀត​ត្រៀម​ទុក​ជាមុន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​​​៦​ខែ​ដំបូង​ ដើម្បី​ជៀសវាង​ស្ថានភាព​ប្រែប្រួល ឬ ការ​ចំណាយ​ណា​មួយ​ដែល​មិន​អាច​​ដឹង​មុន​បាន។ ក្រៅ​ពី​នេះ​ ត្រូវ​កំណត់​រយៈ​ពេល​ច្បាស់លាស់​មួយ​ផង​ដែរ​ថា តើ​អ្នក​នឹង​ទទួល​បាន​ចំណូល​មកវិញ​នៅ​ពេល​ណា (Return on Investment)? តើ​ចំណូល​ទាំង​នោះ​មាន​ប្រភព​ចេញ​មក​ពី​ណា​ខ្លះ? ​​




៤) តើ​​អ្នក​​មាន​សមត្ថភាព​​ និង ចំណេះដឹង​គ្រប់គ្រាន់​បើក​​អាជីវកម្ម​​របស់​អ្នក​ដែរ​ឬ​ទេ?

គ្មាន​អ្នកណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ឡើយ ដូច​ភាសា​អង់គ្លេស​ហៅ​ថា No One Is Perfect ។ ​​នេះ​ហើយ​​ជា​ចំណុច​ខ្សោយ​របស់​មនុស្ស។ អ្នក​ក៏​ដូចគ្នា​ដែរ ភាព​ចន្លោះ​ខ្វះ​ខាត​នៅ​ក្នុង​អាជីវកម្ម​គឺ​ពិត​ជា​មាន ដូច្នេះ​ហើយ​បាន​​ជា​នៅ​ពេល​នេះ​ អ្នក​ត្រូវ​កំណត់​ថា តើ​អ្វី​ទៅ​ជា​ភាព​ខ្លាំង និង ភាព​ខ្សោយ​របស់​ខ្លួន​នៅ​ក្នុង​ការ​បើក​អាជីវកម្ម​? វិធីសាស្ត្រ​ដ៏​ល្អ អ្នក​ត្រូវ​កំណត់​ពី​ទេពកោសល្យ ឬ ជំនាញ​ពិសេស​របស់​អ្នក​ដែល​ត្រូវ​មាន​សម្រាប់​ធ្វើ​អាជីវកម្ម ឬ ត្រូវ​ស្វែងយល់​ថា ​ជំនាញ​​ធ្វើ​អាជីវកម្ម​របស់​អ្នក​មាន​ក្នុង​កម្រិត​ណា​ទើប​អាច​បើក​អាជីវកម្ម​បាន។


៥) តើ​ក្រុម​គ្រួសារ​របស់​អ្នក​គាំទ្រ​​អ្នក​ដែរឬទេ?​​​​

ការ​គាំទ្រ​ពី​សមាជិក​គ្រួសារ​​​​បាន​ដើរ​តួនាទី​​​សំខាន់​មួយ​​​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​បទពិសោធន៍​រឹងមាំ​ ត្បិតអី​​​​នេះ​ជា​កម្លាំង​ចិត្ត​ឲ្យ​អ្នក​អាច​ត្រួសត្រាយ​ផ្លូវ​​បើក​អាជីវកម្ម​ដោយ​​​ភាព​ជឿជាក់ និង មាន​ទឹកចិត្ត។ គ្រួសារ​ផ្តល់​កម្លាំង​ចិត្ត​​ឲ្យ​កាន់តែ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​មាន​​មាន​អារម្មណ៍​ថា អ្នក​​កំពុង​​មាន​បេសកកម្ម​​ដ៏​ត្រឹមត្រូវ​​មួយ​​ត្រូវ​ធ្វើ​ ​ និង​មាន​ទំនួល​ខុសត្រូវ​ធំ​ជាង​មុន​ឆ្ពោះ​ទៅ​​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន។ សូម​​លើកយក​​ទស្សន​​របស់​អ្នក​ដោយ​បើកចំហ​ទៅ​ក្រុម​គ្រួសារ ពី​អ្វី​ដែល​អ្នក​ចង់​បាន និង ត្រូវ​ការ​ពី​ពួកគេ​ ទើប​អ្នក​អាច​រក​ឃើញ​ចម្លើយ​​ដ៏​សមស្រប​ជា​ចំណែក​​មួយ​ជួយ​ឲ្យ​អ្នក​មាន​ពន្លឺ​ជាង​មុន៕​​​




ពាក្យ​​ “៨ឃ្លា” ​​​​ដែល​សហគ្រិន​ឬ​អាជីវករ​​​មិន​គួរ​​និយាយ​​​ទៅ​​កាន់​អតិថិជន!








ពាក្យ​​៨​​ឃ្លា​​​​ដែល​អ្នក​​មិន​គួរ​​និយាយ​​​ទៅ​​កាន់​អតិថិជនប្រភព៖​ melinaabbott

ភាសា​ទំនាក់ទំនង​រវាង​​សហគ្រិន អាជីវករ អ្នកជំនួញ​ ទៅ​កាន់​ដៃគូ​ជា​អតិថិជន​​ គឺ​​ជា​សិល្បៈ​​ដ៏​សំខាន់​មួយ​រួម​ចំណែក​ឲ្យ​អាជីវកម្ម​​​ទទួល​បាន​ជោគជ័យ​ ដរាបណា​​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​មាន​ប្រសិទ្ធភាព​ ​​​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​​កាន់តែ​ច្រើន​ឡើង​។ ទោះបីជា​បែបនេះ​ក្តី វា​មិន​ងាយ​ស្រួល​​នៅ​ក្នុង​ការ​កសាង​​នោះ​ឡើយ ​ប៉ុន្តែ​វា​អាច​​បញ្ចប់​ទៅ​វិញ​ក្នុង​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ។


ដូច្នេះ​ បើ​សិន​ជា​អ្នក​ជា​សហគ្រិន​មួយ​រួប ដល់​ពេល​ដែល​អ្នក​​គួរ​ស្វែងយល់​ហើយ​ថា តើ​ត្រូវ​​​​ជៀសវាង​​​ភាសា​​ទំនាក់ទំនង​​បែប​ណា​​ខ្លះ​ដើម្បី​​ឲ្យ​​អាជីវកម្ម​របស់​ខ្លួន​មាន​ទំនុកចិត្ត​មកវិញ​ពី​អតិថិជន?


ខាងក្រោម​នេះ ជា​​​ពាក្យពេចន៍​​ ៨ ​ឃ្លា​ដែល​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​អតិថិជន​​ក្នុង​​ភាសា​ទំនាក់ទំនង​អាជីវកម្ម​​ជា​រៀងរាល់​ថ្ងៃ។​​​​​​



១) «ទេ!»


ពាក្យ​ថា «ទេ!» សម្រាប់​អ្នក​និយាយ​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​ គឺ​ជា​ភាសា​មួយ​ដែល​​មិន​ពីរោះ​ស្តាប់​នោះ​ឡើយ។ វា​ជា​ពាក្យ​មួយ​ខ្លី ហើយ​សាមញ្ញ ប៉ុន្តែ​នៅ​​ពេល​ដែល​វា​ត្រូវ​បាន​និយាយ​ទៅ​កាន់​អតិថិជន វា​ប្រៀប​ដូចជា​​កំពុង​សម្លាប់​ទឹកចិត្ត​អតិថិជន​ដូច្នេះ​ដែរ។ ឧទាហរណ៍​ថា អតិថិជន​ស្នើ​សុំ​បញ្ចុះ​តម្លៃ​បន្តិច អ្នក​មិន​គួរ​និយាយ​ថា «ទេ!​» នោះ​ទេ ទោះបី​ជា​អ្នក​មិន​អាច​លក់​ក្នុង​តម្លៃ​តាម​ការ​ស្នើសុំ​នោះ​ក៏ដោយ។ ការពិត​ ការ​ស្នើសុំ​របស់​អតិថិជន​នេះ​ ដើម្បី​ស្វែង​រក​ពី​​តម្លៃ​សមរម្យ​មួយ​​​ទិញ​​​​ផលិតផល​របស់​អ្នក ហេតុ​ដូច្នេះ​បើ​អាច​ទៅ​រួច​​​អ្នក​គួរតែ​​បញ្ចុះតម្លៃ និង ស្នើ​សុំ​អតិថិជន​​ដំឡើង​តម្លៃ​បន្តិច​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ​ វា​អាច​ជា​ដំណោះស្រាយ​ល្អ​ប្រសើរ​​។


២) «តើ​អ្នក​ប្រាកដ​ទេ?»

ជា​ធម្មតា​ទៅ​ហើយ​ដែល​អតិថិជន​តែង​​បង្ហាញ​កំហុស​​នៅ​ក្នុង​​​ការ​ស្វែងយល់​ពី​សេវាកម្ម ឬ ផលិតផល​របស់​អ្នក​ដូច្នេះ​ចូរ​កុំ​សួរ​ពាក់​មួយ​ឃ្លា​​នេះ​ទៅ​​កាន់​អតិថិជន​វិញ​ឱ្យ​សោះ។ ឧទាហរណ៍​ថា អតិថិជន​ទិញ​កុំព្យូទ័រ​​មួយ​គ្រឿង​យក​ទៅ​ប្រើប្រាស់ ហើយ​អ្នក​សង្កេត​ឃើញ​ថា អតិថិជន​ម្នាក់​នេះ​មិន​សូវ​ស្ទាត់​ជំនាញ ឬ មិន​ដឹង​ពី​របៀប​ប្រើប្រាស់​ពី​ផលិតផល​របស់​អ្នក​តែ​ម្តង។ នេះ​ជា​កាតព្វកិច្ច​របស់​អ្នក​​ដែល​ត្រូវ​ណែនាំ​​ពី​​របៀប​ប្រើប្រាស់​កុំព្យូទ័រ​​ ឲ្យ​បាន​ត្រឹមត្រូវ​ម្តង​ជា​ពីរ​ដង កុំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​នៅ​ពេល​ក្រោយ។ មួយ​វិញ​ទៀត ឧទាហរណ៍​ថា អតិថិជន​ម្នាក់​ទៀត​មក​​​បន្ទាប​ផលិតផល​របស់​អ្នក​ឲ្យ​ក្នុង​តម្លៃ​ទាប​មួយ​ដូច​​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង​ទៀត​​ហួស​ពី​ការ​រំពឹង​ទុក​របស់​អ្នក។​ តើ​អ្នក​ត្រូវ​ឆ្លើយតប​ទៅ​វិញ​ដោយ​របៀបណា? ជា​ការ​ពិត ​ដំណោះស្រាយ​មាន​ច្រើន​របៀប​ឲ្យ​តែ​អ្នក​ឆ្លាត​ជាង​នេះ ពោល​គឺ​ត្រូវ​លើកឡើង​ពី​ហេតុផល​គុណភាព ឬ សេវាកម្ម​ល្អៗ​មក​បញ្ជាក់​ឲ្យ​ច្បាស់ៗ​កុំ​ឲ្យ​​អតិថិជន​​​មាន​​​មន្ទិល​សង្ស័យ​នាំ​តែ​ខាតពេល និង បាត់​បង់​ទំនាក់ទំនង​ជា​មួយ​អតិថិជន​ទទេៗ​នោះ​ទេ។​​


៣) «អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​…»

អ្នក​គួរតែ​ស្វែង​យល់​បន្តិច​ថា មូលហេតុ​អ្វី​​បាន​ជា​អតិថិជន​មក​កាន់​ហាង​របស់​អ្នក? ចម្លើយ​នោះ​គឺ​ច្បាស់​ជា​ត្រូវ​ការ​ទិញ​ផលិតផល សេវាកម្ម ឬ ស្វែង​រក​ជំនួយ​ពី​អ្នក​ជា​មិនខាន។ ដូច្នេះ ​អ្វី​ដែល​ជា​ការ​ចាំបាច់​ និង ឆ្លើយតប​របស់​អ្នក គឺ​​មិនមែន​ជា​ការ​បង្គាប់​ឲ្យ​​ពួកគេ​​ត្រូវ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​បាន​​នោះ​ឡើយ តែ​​ជា​ការ​ដើរ​តួនាទី​ជា​អ្នក​ផ្តល់​ប្រឹក្សា និង ផ្តល់​ជំនួយ​ទៅកាន់​ពួកគេ​ឲ្យ​អស់​លទ្ធភាព​​ដោយ​ការ​គោរព​។ សូម​អ្នកចាំ​ថា ជា​គោលការណ៍​ នៅ​ពេល​អតិថិជន​ចូល​មកកាន់​កន្លែង​អ្នក អ្នក​ត្រូវ​ដើរតួ​ជា​​ជំនួយការ​យល់​ពី​តម្រូវការ​របស់​ពួកគេ មិនមែន​ធ្វើ​ខ្លួន​ជា​អ្នកដឹកនាំ​នោះ​​ឡើយ។ នេះ​ហើយ​ដូច​អ្វី​ដែល​គេ​និយាយ​ថា “អតិថិជន​ជា​ស្តេច (the customer is King)” ​នោះ​អី!​​​


៤) « នេះ​​ជា​ការ​ប្រឆាំង​ទៅ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​យើង!»

សំណើ​របស់​អតិថិជន​មួយ​ចំនួន​​ជៀស​មិនរួច​ពី​ការ​ខ្វែង​គំនិត​គ្នា​នោះ​ទេ ដែល​អាច​នឹង​បង្ហាញ​ពី​ចំណុច​​ផ្ទុយ​គ្នា​ពី​គោលការណ៍​ក្រុមហ៊ុន ឬ អាជីវកម្ម​របស់​អ្នក។ ប៉ុន្តែ ចុះ​បើ​ក្រុមហ៊ុន​របស់​អ្នក​បដិសេធន៍​ទៅកាន់​អតិថិជន​ តើ​អ្នកណា​នឹង​យកចិត្ត​ទុកដាក់​ទៅ​នឹង​សំណើ​របស់​ពួកគេ? ឧទាហរណ៍​ថា អ្នក​​ជា​អតិថិជន​វិញ​​ទិញ​លទ្ធផល​មួយ​ដែល​​​​គ្មាន​គុណភាព ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដោះដូរ​វិញ​បាន​ឡើយ។ តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​? សម្រាប់​សហគ្រិន​ទូទៅ​ បើ​ចង់​អនុវត្ត​គោលការណ៍​នេះ​ទៅ​កាន់​អតិថិជន​ ត្រូវ​តែ​ណែនាំ​ពួកគេ​ឲ្យ​យល់​ពី​គោលការណ៍​លក់​ផលិតផល​​ ឬ សេវាកម្ម​​ជា​មុន​សិន​មុន​នឹង​​ឲ្យ​ពួកគេ​ទិញ​ផលិតផល ឬ សេវាកម្ម​របស់​ខ្លួន​។ នេះ​អាច​ជៀសវាង​ការ​មើល​មុខ​គ្នា​មិន​ចំ​នៅ​ពេល​ក្រោយ ​ដូច​អ្វី​ដែល​គេ​និយាយ​ជា​រឿយៗ​ថា “លក់​ជើង​ខ្លួន​ឯង”​ នោះ​។


៥) « គ្មាន​បញ្ហា​ទេ!»​​​​

ពាក្យ “គ្មាន​បញ្ហា​ទេ!” ស្តាប់​ទៅ​ហាក់​បង្ហាញ​ទំនុកចិត្ត​ និង ប្រាកដប្រជា​ខ្លាំង​ណាស់​ដល់​អតិថិជន​​របស់​អ្នក ខណៈ​ដែល​ពួកគេ​មិន​​ឃើញ​ពី​ចំណុច​​វិជ្ជមាន​ណាមួយ​គួរឲ្យ​ទុកចិត្ត​ពី​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក។ នៅ​ក្នុង​អាជីវកម្ម​ភាសា​​ដ៏​សមរម្យ​មួយ​ទៅ​កាត់​អតិថិជន​មិន​មាន​ចរិត ​”ដាច់ខាត” នោះ​ឡើយ ទោះបី​ជា​ចម្លើយ​របស់​អ្នក​ទៅកាន់​ពួកគេ​ជា​វិជ្ជមាន​ក្តី ឬ អវិជ្ជមាន​ក្តី។ ជា​ឧទាហរណ៍​នៅ​ទី​នេះ​ស្រាប់ បើ​សិន​អ្នក​យល់​ព្រម​ពី​សំណើ​អ្វី​មួយ​របស់​អតិថិជន ការ​ប្រើ​ពាក្យ “បាទ ឬ ចាស” គឺ​វា​សមរម្យ​ណាស់​​ទៅ​ហើយ។


៦) «ខ្ញុំសូម​ព្យាយាម​ធ្វើ​វា​បន្តិច​សិន!»

​​លទ្ធផល គឺ​ជា​អ្វី​ដែល​អតិថិជន​ត្រូវ​ការ​ពី​អ្នក​ជានិច្ច​ ដែល​នោះ​គឺ​​ប្រាប់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​​បាន​សម្រាប់​ពួកគេ។ ពាក្យ “ព្យាយាម” បង្ហាញ​យ៉ាង​ច្បាស់ក្រឡែត​ថា អ្នក​គ្មាន​​ភាព​ប្រាកដប្រជា ព្រម​ទាំង​អសមត្ថភាព​​សម្រាប់​ផ្តល់​ទៅ​ឲ្យ​ពួកគេ​ហើយ ហើយ​នេះ​គឺ​ជា​វីរុស​​​បំផ្លាញ​ទំនាក់ទំនង​ និង ទំនុកចិត្ត​ពី​អតិថិជន​របស់​អ្នក។


ឧទាហរណ៍​ថា អតិថិជន​ត្រូវ​ការ​​ឲ្យ​អ្នក​យក​យក​នំ​ Pizza ទៅ​ដល់​គេហដ្ឋាន​របស់​ពួកគេ​​​។ ជា​ការ​ឆ្លើយតប​ដ៏​ប្រសើរ អ្នក​អាច​និយាយ​ប្រាប់​ពួកគេ​ថា នឹង​​​បង្គាប់​ឲ្យ​អ្នក​ចែកចាយ​យក​នំ ​Pizza នេះ​ទៅ​ដល់​ដៃ​អតិថិជន​នោះ​​​ក្នុង​អំឡុង​ពេល​​ជាក់លាក់​ណា​មួយ។ ដំបូន្មាន​នៅ​ទី​នេះ អាជីវករ ឬ សហគ្រិន​ទាំងអស់​ត្រូវ​បម្រើ​អតិថិជន​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ មិនមែន​គ្រាន់តែ​សន្យា​ខ្យល់​នោះ​ទ ហើយ​ពាក្យ​ថា “ព្យាយាម​” នេះ​វា​ស្តែង​ចេញ​​​ពី​ការ​​បាត់បង់​ភាព​ជឿជាក់​ទៅ​ហើយ។​​​​​​​


៧) «បើ​មាន​ចម្ងល់​អ្វី​​បន្ថែម សូម​ឲ្យ​​ខ្ញុំ​ដឹង​ផង!»

ក្នុង​ករណី​​មួយ​ដែល​អតិថិជន​មាន​បញ្ហា​​ចូល​​មក​កាន់​ហាង​របស់​អ្នក​ដើម្បី​ជួយ​ស្វែង​រក​ដំណោះស្រាយ ហើយ​អ្នក​បាន​ដោះស្រាយ​បញ្ហា​នោះ​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព។ នេះ​ជា​រឿង​ល្អ​បំផុត​មួយ​ក្នុង​កិច្ចការ​អាជីវកម្ម។ ប៉ុន្តែ តើ​អ្នក​ប្រាកដ​​ទេ​ថា អតិថិជន​​នោះ​នឹង​លែង​មាន​បញ្ហា​បន្ត​ទៅ​ទៀត​នៅ​ពេល​ក្រោយ? ឬ ក៏​គិត​ថា ពួកគេ​នឹង​ទាក់ទង​មក​អ្នក​វិញ​បើ​សិន​មាន​បញ្ហា​​អ្វី​ផ្សេងទៀត? ជា​ការ​ពិត​ការ​បម្រើ​អតិថិជន​ អ្នក​ត្រូវ​ឆ្លើយតប​​​ទៅកាន់​ពួកគេ​​ឲ្យ​បាន​គ្រប់គ្រាន់​តាម​ការ​រំពឹង​ទុក​របស់​ពួកគេ និង​​បញ្ជាក់​ពី​ព័ត៌មាន​​លម្អិត​​ផ្សេងៗ​ទៀត​លើស​ពី​នេះ​ឲ្យ​កាន់តែ​ច្រើន​កាន់តែ​ល្អ ដើម្បី​ជៀសវាង​​មិន​ឲ្យ​ពួកគេ​មាន​ចម្ងល់​នៅ​ពេលក្រោយ​។ នេះ​បង្ហាញ​ថា អ្នក​កំពុង​យកចិត្ត​ទុកដាក់​ទៅ​លើ​ពួកគេ​ និង​កំពុង​​បង្ហាញ​ភាព​កក់ក្តៅ​មួយ​ទៅវិញ​ទៅ​មក។


៨) «ខ្ញុំ​នឹង​ត្រលប់​មក​ជួប​អ្នក​វិញ​នៅ​ពេល​ក្រោយ!»​

អតិថិជន​កំពុង​ត្រូវ​ការ​ឲ្យ​អ្នក​ផ្តល់​ផលិតផល ឬ សេវាកម្ម​ឲ្យ​បាន​ទាន់ពេល​វេលា តែ​អ្នក​​បែរជា​និយាយ​ថា ​ «ខ្ញុំ​នឹង​ត្រលប់​មក​ជួប​អ្នក​វិញ​នៅ​ពេល​ក្រោយ!» តើ​​នេះ​មានន័យ​​ដូចម្តេច? វា​មិន​បញ្ជាក់​ថា អ្នក​អសមត្ថភាព​ទេ​មែនទេ? ផ្ទុយ​ទៅ​វិញ​ បើ​ដឹង​ថា​ខ្លួន​អសមត្ថភាព​ហើយ ហេតុអ្វី​មិន​និយាយ​ប្រាប់​ត្រង់ៗ​ទៅ? ឃ្លា​ស្រាលៗ​ខាងលើ​​នេះ វា​មិន​​ឆ្លុះ​បញ្ចាំង​ពី​ការ​សន្យា​ដោយ​ទំនួលខុសត្រូវ​​របស់​អ្នក​នោះ​ឡើយ ត្បិតអី​ពេលវេលា​ជាក់លាក់​មួយ​ក៏​មិន​បាន​​​លើកឡើង​ទន្ទឹម​នឹង​គ្នា​នេះ​ដែរ។ ប្រការ​ដ៏​ល្អ បើ​អ្នក​មិន​អាច​ផ្គត់ផ្គង់​ផលិតផល ឬ សេវាកម្ម​បាន​ទេ គួរតែ​និយាយ​ឲ្យ​ត្រង់ៗ​ទៅ ហើយ​បើ​មិន​មាន​លទ្ធភាព​ធ្វើ​បាន​នៅ​ពេល​នេះ តែ​អាច​ទៅ​រួច​​នៅ​​ពេល​ក្រោយ​ គួរតែ​កំណត់​ពេលវេលា​ជាក់លាក់​មួយ​ទៅ ទើប​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុកចិត្ត​បាន៕





ផ្សាយ ថ្ងៃទី2  ខែSeptember  ឆ្នាំ2015  ម៉ោង​ 8:45 នាទី

ចិន​ដាក់​បម្រាម​មិន​ឱ្យ​មន្ទីរ​​ក្រសួង​​នានា​ប្រើ​ iPad និង MacBook របស់ Apple!







ចិន​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ប្រើ​ផលិតផល​របស់ Appleប្រភព៖​ dailymail

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន Bloomberg ថ្ងៃ​នេះ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ហាម​ឃាត់​ភ្នាក់ងារ​រដ្ឋាភិបាល​ពី​ការ​ទិញ​ផលិតផល​របស់ Apple លើ​ផ្នែក Hardware ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​ផ្នែក​សុវត្ថិភាព។ ផលិតផល​របស់ Apple ចំនួន ១០ ដែល​ក្នុង​នោះ​រួម​មាន​​​ជំនាន់​ថេប្លេត iPad និង​កុំព្យូទ័រ​យួរ​ដៃ MacBook ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​លទ្ធកម្ម​របស់​រដ្ឋាភិបាល ​​ដែល​ចែកចាយ​ដោយ​គណៈកម្មការ​កែទម្រង់ និង​អភិវឌ្ឍ​ជាតិ និង​ក្រសួង​ហិរញ្ញវត្ថុ។


ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​បន្ត​ថា ការ​ហាម​ឃាត់​នេះ​នឹង​ធ្វើ​ឡើង​ទៅ​លើ​គ្រប់​មជ្ឈមណ្ឌល និង​ទីភ្នាក់ងារ​ក្នុង​ស្រុក​របស់​ប្រទេស​ចិន។ យ៉ាងណា ចំណែក​បណ្ដាញ​ព័ត៌មាន​រ៉យទ័រ​វិញ ភ្លាមៗ​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​គណៈកម្មការ​អភិវឌ្ឍ និង​កែទម្រង់​ជាតិ (NDRC) និង​ក្រសួង​ហិរញ្ញវត្ថុ​បាន​នៅ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​របស់ Apple នៅ​ក្នុង​ប្រទេស​ចិន ភ្លាមៗ​នេះ​ក៏​មិន​បាន​ឆ្លើយតប​

ទៅ​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះ​ដែរ។

របាយការណ៍​នេះ ត្រូវ​បាន​ដាក់​ចេញ​បន្ទាប់ពី រដ្ឋាភិបាល​ចិន​ចេញ​ផ្សាយ​អំពី​ការ​ហាមប្រាម​មិន​ឱ្យ​​ប្រើប្រាស់​កម្មវិធី​កម្ចាត់​មេរោគ​ចំនួន​ពីរ​គឺ Kaspersky Lab និង Symantec Corp ដោយ​បាន​ដក​ចេញ​ពី​បញ្ជី​លទ្ធកម្ម Software កាល​ពី​សប្ដាហ៍​មុន។


ហេតុផល​ដែល​ចិន​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពី​ការ​លួច​ប្រើ Software ឃ្លាំ​មើល​របស់​អាមេរិក​មក​លើ​ខ្លួន ក្រោយ​ពី​ធ្លាប់​ត្រូវ Edward Snowden នៅ​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​អាមេរិក បាន​ទម្លាយ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន។

គួរ​រំលឹក​ដែរ​ថា កន្លង​មក​កាល​ពី​ខែ​មិថុនា ​ទូរទស្សន៍​ជាតិ​របស់​ចិន​បាន​ផ្សាយ​ថា កម្មវិធី​តាមដាន​ទីតាំង​នៅ​លើ​ទូរស័ព្ទ iPhone របស់ Apple អាច​នាំ​គ្រោះ​ទម្លាយ​អាថ៌កំបាំង​របស់​រដ្ឋ​បាន។ ចំណែក​ភាគី Apple បាន​ឆ្លើយតប​ថា ខ្លួន​មិន​បាន និង​មិនដែល​បង្កប់​មុខងារ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​អាច​ភ្ជាប់​ចូល​ទៅ​កាន់​ម៉ាស៊ីន​មេ (Server) របស់​ចិន​នោះ​ឡើយ៕

ប្រែ​សម្រួល៖ លី ឈៀន


កម្ពុជា​នឹង​ទទួល​​ភ្ញៀវ​ទេសចរ​ពី​​​​អាស៊ី ​៨លាន​​នាក់​រក​​​ចំណូល​បាន​ ​​​៥​ពាន់​លាន​ដុល្លារ​​ឆ្នាំ​២០២០






ចំនួន​ភ្ញៀវ​ទេសចរ​​មក​ទស្សនា​កម្ពុជា​ប្រភព៖​ amillionlives

កម្ពុជា​រំពឹង​ថា ​​​​នៅ​​ឆ្នាំ​២០២០​ ​​​​​​នឹង​ទទួល​​​ភ្ញៀវ​ទេសចរ​​ពី​ទ្វីប​អាស៊ី​​ប្រហែល​​​ ​៨ លាន​នាក់​​​​​​ដែល​អាច​​រក​​ប្រាក់​ចំណូល​បាន​ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​។



រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង​ ខុន​ មាន​ប្រសាសន៍​​​​ថា ​​​ចំនួន​ភ្ញៀវ​ទេសចរ​​ពី​​ទ្វីប​អាស៊ី​​​មក​​ទស្សនា​កម្ពុជា​នឹង​កើន​ឡើង​ដល់​ ​​៨ លាន​នាក់​​នៅ​ក្នុង​ឆ្នាំ​២០២០​ ស្រប​ពេល​​​​ឆមាស​ទី​១​ឆ្នាំ​២០១៤នេះ ​​​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា ​​សរុប​ជាង ​​២,២​លាន​នាក់​ កើន​ឡើង​៥,២ % ធៀប​ទៅ​នឹង​​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៣។ ​


​​នៅ​ឆ្នាំ​នេះ​ដែរ​ ​គេ​​រំពឹង​ថា ​​​កម្ពុជា​​​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ​៤,៦​លាន​នាក់​​​​​​កើន​ឡើង​១០ %​ ។ ​លោក​បន្ត​​ថា ​​ចំនួន​ភ្ញៀវ​ទេស​ចរ​ចិន​គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​សម្រាប់​កម្ពុជា​​ ដែល​កាល​ពី​ឆ្នាំ​២០១៣ ​​កម្ពុជា​ទទួល​បាន​ ៤៦ ​៣០០០ នាក់​ កើន​ឡើង​៣៩ %​​ធៀប​​នឹង​ឆ្នាំ២០១២។ ​​




​​​

លោក​រដ្ឋ​មន្ត្រី​បន្ថែម​ថា​​កម្ពុជា​រំពឹង​ថា​​​ភ្ញៀវ​ទេសចរ​ចិន ៨ សែន​នាក់​នឹង​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៥​ហើយ​ជិត ​២លាន​នាក់​ នៅ​ក្នុង​ឆ្នាំ ២០២០​។




សហប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរ​លោក​ ហូ វណ្ឌី យល់​ឃើញ​ថា ​​ដើម្បី​ទទួល​បាន​​ភ្ញៀវ​ទេសចរ​តាម​ការ​រំពឹង​ទុក​នេះ ​​កម្ពុជា​ត្រូវ​ពង្រឹង​បញ្ហា​បរិស្ថាន សុវត្ថិភាព​ សន្តិសុខ សេវាកម្ម​ដឹក​​ជញ្ជូន​និង​ការ​ស្នាក់​នៅ​ ឲ្យ​បាន​​ល្អ​ប្រសើរ​ពិសេស​ស្ថេរ ភាព​នយោបាយ​ បញ្ហា​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​លោក​បញ្ជាក់​ថា ​​ប្រសិន​បើ​បញ្ហា​ទាំង​នេះ​មិន​ត្រូវ​បាន​ពង្រឹង​ទេ​នោះ​​​ប្រទេស​ជិត​ខាង​នឹង​ឆក់​យក​ភ្ញៀវ​ទេសចរ​ទាំង​នោះ​ពី​កម្ពុជា​។ ​​​​​​​​​​




វិស័យ​ទេសចរណ៍​ជា​ផ្នែក​ដ៏​សំខាន់​ដែល​បាន​​​​ចូលរួម​អភិវឌ្ឍន៍​​​សេដ្ឋកិច្ច​កម្ពុជា​។​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​កេរ្តិ៍​ដំណែល​មរតក​ដ៏​មាន​តម្លៃ​ជា​ច្រើន​កន្លែង​ក្នុង​ការ​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មាន​​​​ដូច​ជា​ប្រាសាទ​អង្គរវត្ត​ ប្រាសាទ​ព្រះ​វិហារ​ ប្រាសាទ​បាយ័ន​ និង ​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ដូចជា​ក្រុង​ព្រះសីហនុ​ កំពត​ កែប​ កោះកុង​​​ និង​រតនគីរី​ជាដើម​។





  • ហេតុ​អ្វី​លុយ​​ អាច​ទិញ​សុភមង្គល​បាន​?





ហេតុ​អ្វី​លុយ​​អាច​ទិញ​សុភមង្គល​បាន​?ប្រភព៖​ BNEWS

​ជា​ការពិត ​​​លុយ​មិន​អាច​ទិញ​អ្វីៗ គ្រប់​យ៉ាង​បាន​ទេ​​ដូច​ជា អាយុ​​ជីវិត ចំណេះ​ដឹង អតីតកាល សេចក្តី​ថ្លៃថ្នូរ​ ។ល។ តែ​​ការ​ស្រាវជ្រាវ​​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​លុយ​អាច​ទិញ​សុភមង្គល​បាន។ ​ទស្សនាវដី្ត Forbes ​​ដ៏​ល្បី​របស់​អាមេរិក ​បាន​លើកឡើង​ពី​​​របាយការណ៍​ស្រាវជ្រាវ​​អ្នក​សេដ្ឋកិច្ច​​ពីរ​រូប​មក​ពី​សាកលវិទ្យាល័យ Michigan គឹ​លោក Betsey Stevenso និង Justin Wolfers​ មក​បកស្រាយ​ពន្យល់​ប្រិយមិត្ត​នៅ​ពេល​នេះ។

ថ្វីត្បិត​តែ​ការ​ស្រាវជ្រាវ​នេះ​មិនមែន​ជា​​លើក​ទី១​ក៏​ពិត​មែន ការ​ស្រាវជ្រាវ​របស់​អ្នក​សេដ្ឋកិច្ច​ទាំងពីរ​រួប​ខាងលើ​បាន​រក​ឃើញ​ជា​ទូទៅ​ថា អ្នក​មាន​លុយ​ពិត​ជា​អាច​សម្រេច​បំណង​ប្រាថ្នា​របស់​ខ្លួន​បាន​​ច្រើន​ជាង​អ្នក​ក្រ ឆ្ងាយណាស់​ដែល​នោះ​គឺ​សុភមង្គល​។ តើ​អ្វី​ទៅ​ជា​ការ​ពន្យល់​​របស់​អ្នក​សេដ្ឋកិច្ច​ទាំង​ពីរ​រូប​នេះ? ​

១) ​អ្នក​មាន​លុយ​​អាច​​​​ធ្វើ​អ្វីៗ​ដែល​ខ្លួន​ចង់​ធ្វើ

គ្មាន​អ្នកណា​ម្នាក់​នៅ​លើ​លោក​​នេះ​ដែល​មិន​ប្រាថ្នា​ចង់​បាន​មាន​ប្រាក់​ហូរហៀរ​នោះ​ឡើយ ហើយ​​ចង់​ក្រ​នោះ​ដែរ ​ពីព្រោះ​ថា​​ លុយ​អាច​ធ្វើ​ឲ្យ​មនុស្ស​​ម្នាក់​ៗ​សម្រេច​​បាន​ក្តី​ប្រាថ្នា​​​យ៉ាង​ច្រើន​លើសលប់។​ មិនថា​ការ​រស់​នៅ​​ប្រកប​ដោយ​​ផាសុកភាព​​ មាន​អាហារ​ឆ្ងាញ់ៗ​​សម្រាប់​ពិសារ ​ស្នាក់​នៅ​​ក្នុង​លំនៅឋាន​ប្រណិតៗ រៀន​នៅ​សាលា​ល្អៗ ​មាន​​​សម្ភារៈ​ប្រើប្រាស់​​ទំនើបៗ ការ​ស្លៀកពាក់​ ​មាន​សេវាកម្ម​សុខភាព​ល្អ​ ។ល។ គឺ​សុទ្ធ​តែ​អាច​ទិញ​បាន​តាម​ចិត្ត​ចង់​ស្រប​​​​តាម​​ក្តី​ប្រាថ្នា​របស់​ខ្លួន​សម្រាប់​​អ្នក​មាន​លុយ។ ​​

…សិល្បៈ​ចាយ​លុយ​ ៤​ របៀប ចំណាយ​​លុយ​កាន់តែ​ច្រើន ​​​កាន់តែ​មាន​ចំណូល​…

២) លុយ​ធ្វើ​ឲ្យ​មនុស្ស​មាន​ទំនុកចិត្ត និង បង្កើន​ភាព​ជឿជាក់

នេះ​មិនមែន​ជា​​ការ​​កុហក​នោះ​​ឡើយ ព្រោះ​ថា​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​មាន​លុយ​​អាច​​បង្កើត​អារម្មណ៍​​​ក្នុង​ផ្លូវ​វិជ្ជមាន​បាន​ច្រើន​ជាង​អ្នក​គ្មាន​លុយ​ឆ្ងាយណាស់​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ ដែល​នេះ​ឈាន​ទៅ​រក​ការ​កសាង​ទំនុកចិត្ត និង បង្កើន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង។ ទំនុកចិត្ត​អាច​​ធ្វើ​ឲ្យ​មនុស្ស​សម្រេច​​ភាព​ជោគជ័យ​ក្នុង​ការងារ ទំនាក់ទំនង និង បោះ​ជំហាន​ទៅ​មុខ​​ឥត​ឈប់ឈរ​លើ​កិច្ចការ​ផ្សេងៗ។ លើស​ពី​នេះ លុយ​អាច​ធ្វើ​ឲ្យ​មនុស្ស​​បង្កើត​បទ​ពិសោធន៍​ល្អៗ ទិញ​អ្វីៗ​សម្រាប់​ជា​សេចក្តី​ត្រូវការ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​លំនឹង​​​​បន្ថែម​ទៀត​។


៣) ស្ថិរភាព​ហិរញ្ញវត្ថុ​អាច​ធានា​ចំណង​អាពាហ៍ពិពាហ៍​របស់​មនុស្ស

ក្តី​បារម្ភ​ចំពោះ​​រឿង​លុយកាក់​ ត្រូវ​បាន​រក​ឃើញ​ដែរ​ថា ជា​ផ្នែក​មួយ​ដែល​​នាំ​ឲ្យ​ឈាន​ទៅ​​រក​ការ​បញ្ចប់​ចំណង​អាពាហ៍ពិពាហ៍​​ ឬ សម្ព័ន្ធភាព​​របស់​គូស្នេហ៍​ផង​ដែរ។ តាម​ប្រសាសន៍​របស់​លោក Jeffrey Dew សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ​ Utah State បាន​ឲ្យ​ដឹង​ថា ​ចំណង​អាពាហ៍ពិពាហ៍​ភាគ​ច្រើន​ត្រូវ​បាន​បញ្ចប់​​​​ដោយសារ​មិន​មាន​លទ្ធភាព​​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ក្នុង​ជីវិត​របស់​ពួកគេ ដែល​នោះ​គឺ​បញ្ហា​លុយកាក់។

សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ថែម​ថា គ្រួសារ​ដែល​មាន​លុយ​អាច​ជួល​មនុស្ស​មក​មើលថែ​កូនៗ ឬ ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ពួកគេ បើសិន​​ជា​​ជាប់​រវល់​នឹង​ការងារ។ ​នេះ​​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​​អ្នក​មាន​លុយ​ដើរ​ទៅ​មុខ​​យ៉ាង​រលូន​គ្មាន​​បញ្ហា​តានតឹង​ឬ ខ្វល់ខ្វាយ​ច្រើន​នោះ​ឡើយ​​ ហើយ​​សម្ព័ន្ធភាព​​រវាង​គូស្នេហ៍ ឬ​គូ​ស្វាមី​ភរិយា​ ក៏​​កាន់តែ​រឹងមាំ​ទៅ​​តាម​នេះ​ដែរ។

…ការ​ជំពាក់​បំណុល​របស់​​​អ្នក​មាន និង ​អ្នក​ក្រ​ខុសគ្នា​ដូចម្តេច?…



៤) លុយ​អាច​ទិញ​សុភមង្គល​បាន​​​អាស្រ័យ​លើ​​កត្តា​​ជាក់លាក់​មួយ​ចំនួន​​​​​​


ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ​ការ​យក​លុយ​ទៅ​ទិញ​សុភមង្គល​មិន​មែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ឡើយ។ អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ Princeton បាន​រក​ឃើញ​ថា ​ស្រប​ពេល​ដែល​អ្នក​មាន​មាន​អារម្មណ៍​វិជ្ជមាន​នៅ​ក្នុង​ជីវិត​របស់​ខ្លួន មិន​មាន​​ទំនាក់ទំនង​​ផ្ទាល់​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​ទ្រព្យសម្បតិ្ត​ ​ទៅ​នឹង​​អារម្មណ៍​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​នោះ​ឡើយ។ ប៉ុន្តែ គេ​បាន​រក​ឃើញ​លើស​ពី​នេះ​ថា ការ​ថែ​ទាំង​សុខភាព ការ​ថ្នាក់ថ្នម ភាព​ឯកោ ការ​ជក់​បារី គឺ​ជា​សូចនាករ​ដ៏​សំខាន់​ទាក់ទង​នឹង​អារម្មណ៍​របស់​មនុស្ស។

ជា​រួម​ការ​ស្រាវជ្រាវ​​​របស់​សាកលវិទ្យាល័យ​ខាងលើ​បាន​បង្ហាញ​​ថា លុយ​អាច​ទិញ​អ្វីៗ​ដែល​យើង​ចង់​បាន​ក៏​ពិត​មែន​ តែ​មិនមែន​សុភមង្គល​នោះ​ឡើយ។ ប៉ុន្តែ​​បើ​​គ្មាន​លុយ ​​មិន​ថា​​​បំណង​ប្រាថ្នា​​ដែល​មនុស្ស​ចង់​បាន ​ឬ​​សុភមង្គល​​​​នោះ​ទេ គឺ​សុទ្ធតែ​ប៉ះពាល់​​ទាំងអស់​៕

  • កង់​ឆ្លាតវៃ​​​ចេះ​បង្ហាញ​​ផ្លូវ​ស្ទះ​ចរាចរ និង​ចាក់សោ​​តាម​ទូរស័ព្ទ​​​​​​




កង់​ឆ្លាតវៃ E-bike តម្លៃ ៨០០ដុល្លារប្រភព៖​ hashslush

កង់គេ​ដាក់​ឈ្មោះ​ថា​ Copenhagen ដែល​បាន​អភិវឌ្ឍ​ដោយ​និស្សិត​ក្នុង​មន្ទីរ​ពិសោធន៍ SENSEable City នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត​​នៅ​សហរដ្ឋ​អាមេរិក មាន​លក្ខណៈ​ពិសេស​ប្រែក្លាយ​ពី​កង់​ធម្មតា ទៅ​ជា​កង់​ឆ្លាតវៃ​ជាមួយ​ប្រព័ន្ធ​បញ្ជា​ទំនើប e-bike។ វា​ត្រូវ​បាន​រចនា​ច្របាច់​បញ្ចូល​​គ្នា​រវាង ម៉ូទ័រ​មួយ ថ្ម​ដែល​អាច​ដោះដូរ​បាន lithium មួយ​គ្រាប់ និង​ប្រព័ន្ធ​ស្ពឺចក្រ ឬ​លីប​សម្រាប់​ដាក់​លេខ និង​បច្ចេកវិទ្យា Wireless នៅ​ក្នុង​ដុំ​ក្រហម​ផ្នែក​កណ្ដាល​នៃ​រង្វង់​កង់។

… កង់​បំពាក់​ម៉ាស៊ីន​​ទ.ស​​៥០​ ​ច្នៃ​​ពី​របស់​ឥត​ប្រយោជន៍​ដោយ​កូន​​ខ្មែរ​ ​​​១០០គ.ម​ស៊ី​សាំង​​​ ១​លីត្រ​ … តាម​រយៈ​បច្ចេកវិទ្យា​របស់​កង់ Copenhagen នេះ អាច​បង្ហាញ​អ្នក​ជិះ​ឱ្យ​ស្គាល់​ទីតាំង​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ដំណើរការ​តាម​រយៈ​ការ​ភ្ជាប់​ប្រើ​ជាមួយ​កម្មវិធី​ទូរស័ព្ទ​ដាក់​​​នៅ​ជាប់​​​នឹង​​ដៃ​កង់​បាន។ មិន​តែ​ប៉ុណ្ណោះ កង់​នេះ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​អាច​ឱ្យ​គេ​ចាក់​សោ​ដោយ​បញ្ជា​តាម​ទូរស័ព្ទ ផ្លាស់ប្ដូរ​លីប (ចង្កឹះ​លេខ)​ ល្បឿន​លឿន​ ឬ​យឺត​ជា​ដើម។

វា​អាច​កំណត់​ការ​បង្ហាញ​ប្រាប់​ព័ត៌មាន​ជុំវិញ​របស់​អ្នក​ជិះ ដូច​ជា​ប្រាប់​អំពី​ការ​ស្ទះ​ចរាចរ ស្ថានភាព​ផ្លូវ កម្រិត​ការ​ខំ​ប្រឹង​ជិះ និង​កាបូនម៉ូណូអុកស៊ីត​ជាដើម​មក​លើ​អេក្រង់​ទូរស័ព្ទ​បាន។ ក្នុង​ដំណាក់កាល​ដំបូង មន្ទីរ SENSEable របស់ MIT ផលិត​ចំនួន ១០០០គ្រឿង​សម្រាប់​ដាក់​លក់​តាម​កាលវិភាគ​កំណត់​នៅ​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០១៥​នេះ តម្លៃ​មួយ​គ្រឿង ៨០០ដុល្លារ​អាមេរិក



ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេច !


ធានា​ថា​លោក​អ្នក​សល់​ប្រាក់​ច្រើន ប្រសិន​បើ​អនុវត្ត​តាម​ដំបូន្មាន​៨យ៉ាង​បាន​សម្រេចប្រភព៖​ instantcashrotator

ទ្រឹស្ដី​មួយ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដែល​សល់​ប្រាក់​ច្រើន គឺ​ព្យាយាម​ធ្វើ​អតិបរមា​កម្ម​លើ​ប្រាក់​ចំណេញ និង​ធ្វើ​អប្បបរមា​កម្ម​លើ​ប្រាក់​ចំណាយ (try to maximize your income, and minimize your expense) ឬ​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ជាង​នេះ​ថា ប្រឹង​រក​ប្រាក់ ហើយ​រិះ​ថាំ ខំ​សន្សំ។

ក្រៅ​ពី​នោះ ក៏​មាន​ពាក្យ​មួយ​តំណាល​ថា​ «សម្បូរ​ទ្រព្យ – rich» និង​ «សម្បូរ​ប្រាក់ – wealthy» មិន​ដូច​គ្នា​ទេ។ ពាក្យ​ថា​ «សម្បូរ​ប្រាក់» មាន​ន័យ​ថា​ប្រាក់​សម្បូរហូរហៀរ​ ប្រាក់​ចាយ​មិន​ចេះ​ស្កាល​ដូច​ពាក្យ​សំនួន​របស់​ខ្មែរ​ថា «ហែក​ដំបូល​ចាក់» មានន័យ​ថា​លុយ​សម្បូរ​ខ្លាំង​ពេក ដល់​ថ្នាក់​ចាក់​លុយ​ចូល​ក្នុង​ផ្ទះ​តាម​ដំបូល​ផ្ទះ​តែម្ដង។

មួយ​វិញ​ទៀត ពាក្យ​ថា​ «ពូកែ​រកលុយ​» និង​ពាក្យ «ពូកែ​សន្សំលុយ» ក៏​ខុស​គ្នា​ដែរ។ លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ពាក្យ «ក្លាយ​ជា​អ្នក​មាន​ឆាប់​ទេ តែ​បើ​ចង់​រក្សា​ប្រាក់​ឲ្យ​នៅ​សល់​យូរ​អង្វែង​កុំ​ឲ្យ​ខ្វះ​ចាយ​ទៅ​ថ្ងៃ​ក្រោយ ជា​រឿង​មិន​ងាយ​ស្រួល​ឡើយ» ។


អ្នក​ដែល​ចង់ «សល់​លុយ​ច្រើន» យល់​ថា​គេ​អាច​ប្រើ​សាច់​ប្រាក់ ដើម្បី​បង្កើន​សាច់​ប្រាក់ ពោល​គឺ​ត្រូវ​ធ្វើ​ឲ្យ​សាច់​ប្រាក់​មាន​លំហូរ​ជានិច្ច មិន​ឲ្យ​វា​នៅ​ស្ងៀម​ទេ។ ពួកគេ​យល់​អំពី​តម្លៃ​ប្រាក់ និង​ចំណាយ​ត្រូវ​ខ្ទង់ ហើយ​ប្រាក់​នឹង​ឲ្យ​ពរ​ឲ្យ​ជ័យ​ត្រឡប់​ទៅ​គេ​វិញ តែ​ប្រសិន​បើ​លោក​អ្នក​មើលងាយ​ប្រាក់​ដោយ​ចាយ​ប្រាក់​ខ្ជះខ្ជាយ ប្រាក់​នឹង​ឲ្យ​ទុក្ខ​ទោស​ទៅ​លោក​អ្នកវិញ​ដែរ។

ខាង​ក្រោម​នេះ ជា​ប្រការ ៨យ៉ាង​ដែល​លោក​អ្នក​ ប្រសិន​ប្រាថ្នា​ចង់ «សម្បូរ​ប្រាក់» ត្រូវ​ជៀសវាង​ព្រោះ​សុទ្ធ​សឹង​ជា​កំហុស។


១-លោភ​ខាង​ទ្រព្យ​សម្បត្តិ​:កាលណា​លោក​អ្នក​ចង់​បាន​ផាសុកភាព​ហើយ ចង់​ធ្វើ​អ្វី ចង់​បាន​អ្វី​ដែល​ស្រួលៗ រក​តែ​ស្រណុក រក​តែ​ស្រួល វា​ជា​ការ​ដើរ​ច្រាស​ទិស​គ្នា មិន​ឲ្យ​លោក​អ្នក​ទុក​ដាក់​ប្រាក់​កាស​ឲ្យ​គង់វង្ស​បាន​ទេ​ ហើយ​វា​ជា​បច្ច័យ​អាក្រក់​បំផុត​ក្នុង​បញ្ហា​លុយ​កាក់។ លោក​អ្នក​ដែល​លោភ​ខាង​ទិញ​របស់​ប្រើប្រាស់​ គឺ​ស្ថិត​ក្នុង​ចំពូក «អ្នក​វណ្ណៈ​កណ្ដាល -middle class»។

ផ្ទុយ​ពី​នេះ «អ្នក​សម្បូរ​ប្រាក់ -the wealth» លោភ​ខាង​សេរីភាព និង​លោភ​ខាង​កើប​លុយ​ទុក យូរៗ​ទៅ ប្រាក់​លែង​អាស្រ័យ​តែ​លើ​កិច្ច​ខិតខំ (efforts) របស់​គេ​តែ​មួយ​មុខ​ទៀត​ហើយ តែ​អាស្រ័យ​លើ​កត្តា​ដទៃ​ទៀត។ មនុស្ស​ចំពូក​នេះ លោភ​តែ​ខាង​ប្រាក់ និង​សេរីភាព រីឯ​របស់របរ​ប្រើប្រាស់​មិន​មែន​ជា​មុខ​សញ្ញា​​ដែល​គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ។

២-ជៀសវាង​ការ​រកស៊ី​ហក់​លោត: គួរ​ជៀសវាង​ការ​ផ្លាស់ប្ដូរ​មុខ​របរ​ញឹកញាប់ (diversificaton) ព្រោះ​ការ​រកស៊ី​ហក់លោត ពិបាក​ជោគជ័យ​ណាស់ ពោល​គឺ​បន្តិច​រកស៊ី​នេះ មិន​បាន​ប៉ុន្មាន​ផង ដូរ​មុខ​របរ​ទៅ​រកស៊ី​អ្វី​ផ្សេង។


លោក Mark Cubanជា​ធុរជន​ដ៏​ឆ្នើម​មួយ​រូប ឲ្យ​ដំបូន្មាន​ថា «បើ​រក​ស៊ី​អ្វី​ ឲ្យ​ចំ​ជា​រក​ស៊ី​ហ្នឹង ប្រសើរ​ជាង​រកស៊ី​ហក់​លោត»។ ប្រសិនបើ លោក​អ្នក​ចង់​ចូល​ក្នុង​ចំពូក «អ្នក​សម្បូរ​ប្រាក់» ត្រូវ​សម្លឹង​មើល​ឱកាស​វិនិយោគ​ឲ្យ​ត្រូវ ហើយ​តម្រង់​ទិស​ទៅ​តែ​មុខ​ព្រួញ​នោះ​តែ​មួយ ពិត​ជា​មិន​ខុស​ទេ។

៣-កុំ​ពឹង​លើ​ប្រភព​ចំណូល​តែ​មួយ (រកស៊ី​ងាប់​ក្រឡា):លោក​អ្នក​គួរ​កុំ​ពឹង​ទៅ​លើ​ប្រភព​ចំណូល​តែ​មួយ មិន​ថា​លោក​អ្នក​រក​ចំណូល​មួយ​មុខ​នោះ​បាន​ច្រើន​ប៉ុណ្ណា​ទេ ព្រោះ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ពាក្យ​ខ្មែរ​ថា «រក​ស៊ី​ងាប់​ក្រឡា»។ មាន​ករណី នារី​ម្នាក់​ធ្វើ​ការ​ឲ្យ​គេ​តែ​មួយ​មុខ មិន​មាន​មុខ​របរ​ផ្សេង​ទេ មានន័យ​ថា​គាត់​ពឹង​តែ​លើ​ប្រាក់ខែ​មួយ​មុខ ស្រាប់​តែ​ថ្ងៃ​មួយ ក្រុមហ៊ុន​បញ្ឈប់​នាង​ពី​ការងារ បណ្ដាល​ឲ្យ​ប្រភព​ចំណូល​របស់​នាង​ត្រូវ​កាត់ផ្ដាច់​ដូច​គេ​កាត់​ផ្ដាច់​សរសៃឈាម​ដូច្នោះ​ដែរ ព្រោះ​អាង​តែ​លើ​ប្រាក់​ខៃ​តែ​មួយ​មុខ​ មិន​រក​ស៊ី​អ្វី​ផ្សេង ដើម្បី​គួបផ្សំ​គ្នា។

ប្រការ​សំខាន់​គឺ​លោក​អ្នក​ពុំ​គួរ​ទុក​សាច់​ប្រាក់​ឲ្យ​នៅ​ទំនេរ​ទេ ត្រូវ​បោះ​ទុន​រកស៊ី​លើ​វិស័យ​អ្វី​ផ្សេង ដើម្បី​បង្កើត​ចំណូល​ផ្សំ​គ្នា ​នេះ​បន្តិច​នោះ​បន្តិច។ នេះ​គេ​មិន​ហៅ​ថា «រកស៊ី​ហក់​លោត ឬ​ដូរ​មុខ​របរ – diversification» ទេ តែ​ជា «ការ​ពង្រីក​មុខ​របរ – fortification»។


៤-កុំ​មើល​បំណាំ​គ្នា(កុំ​គិត​អំពី​គេ គិត​អំពី​ខ្លួនឯង): ប្រសិនបើ​លោក​អ្នក​រវល់​តែ​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ រក​កំណើត​មាន​មិន​ឃើញ​ទេ ព្រោះ​ការ​ប្រៀប​ធៀប​គ្នា​បែប​នេះ​ បើ​រស់​នៅ​ក្នុង​បរិស្ថាន​មិន​ប្រកួតប្រជែង ធ្វើ​ឲ្យ​មនុស្ស​មិន​សូវ​ខំ​ប្រឹង ព្រោះ​រវល់​តែ​មើល​គេ ប្រសិន​បើ​គេ​មិន​សូវ​ប្រឹង ឯង​មិន​សូវ​ប្រឹង​ដែរ យូរ​ទៅ លែង​ចង់​មាន​ចង់​បាន។ ដូចនេះ គួរ​កុំ​ខ្វល់​រឿង​គេ​ គិត​តែ​ពី​រឿង​ខ្លួន​ឯង​វិញ ល្អ​ជាង។

៥-រកស៊ី​ ត្រូវ​ចេះ​មើល​កាលៈទេសៈ ចូរ​លោក​អ្នក​កុំ​រកស៊ី​លើ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ និង​ធំៗ​ពេក​ព្រោះ​ជួនកាល​យើង​តាម​គេ​មិន​ទាន់​ទេ គេ​ចេញ​ស៊េរី​ថ្មីៗ ឯង​នៅ​លក់​ផលិត​ផល​ចាស់​មិន​ទាន់​អស់​ផង ដូច្នេះ​ទំនិញ​ទាំងនោះ បាន​ត្រឹម​មួយ​ឆាវ​ប៉ុណ្ណោះ​ រួច​ហើយ​ឆាប់​សាប​ទៅ​វិញ។ លោក​ Warren Buffett រកស៊ី​ខាង​វិស័យ​អគ្គិសនី ​សំណង់​ស្ពាន​ថ្នល់ ធនាគារ ធានារ៉ាប់រង ភេសជ្ជៈ អាហារ ស្ករ​គ្រាប់។

លោក​អ្នក​គួរ​រកស៊ី​មុខ​របរ​ណា ផលិតផល​ណា ដែល​គេ​និយម​ប្រើប្រាស់​យូរអង្វែង មិន​ចេះ​សាប​រលាប។

៦-កុំ​ឆាប់​ជឿ​គេ​អស់​ពី​ពោះ​ពេកៈ អស់​លោក​ លោក​ស្រី​ខ្លះ​ ជឿ​ជាក់​លើ​គេ​ពេក ពោល​គឺ​ជឿ​អស់​ពី​ពោះ ឬ​ជឿ​ផ្កាប់​មុខ​តែ​ម្ដង ដោយ​សារ​សេចក្ដី​ឆោត​ល្ងង់ ឬ​ដោយ​សារ​មនោសញ្ចេតនា​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​គេ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​នៅ​ក្នុង​មុខ​ជំនួញ។


ត្រូវ​ចាំ​ថា​នៅ​ក្នុង​លោក​នេះ​ ល្បិចកល​មនុស្ស​រាប់​រយ​ជំពូក មិន​អាច​ជឿ​ទុក​ចិត្ត​គេ​ទាំង​ស្រុង​ទេ មុន​នឹង​យល់​ព្រម​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​អ្វី​មួយ មុន​នឹង​ប្រគល់​ប្រាក់​ដើម្បី​វិនិយោគ​លើ​គម្រោង​អ្វី​មួយ តោង​លោក​អ្នក​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ល្អិតល្អន់​បំផុត ពុំ​នោះ​ទេ នឹង​ត្រូវ​ខាត​បង់​ប្រាក់​ទាំង​ដុំៗ​អសារឥតការ​ជា​មិន​ខាន។

និយាយ​នេះ​មិន​មែន​ជំរុញ​ឲ្យ​លោក​អ្នក​គិតតែ​ពី​សង្ស័យ​អ្នក​ដទៃ​នោះ​ទេ តែ​លោក​អ្នក​ត្រូវ​ឆ្លាត​វៃ​បន្តិច ដើម្បី​ទប់​ទល់​នឹង​មនុស្ស​ខូច​ ដើរ​បោកប្រាស់​គេ។ សព្វ​ថ្ងៃ​មាន​ករណី​មនុស្ស​ចេះ​ល្បិច​ថតចម្លង​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ផ្ទះសម្បែង​ឬ​ធ្វើ​ប្លង់​ដី​ប្លង់​ផ្ទះ​ក្លែងក្លាយ មិន​ចេះ​តិច ហើយ​យក​ទៅ​បញ្ចាំ​ច្រើន​កន្លែង​ (ផ្ទះ​តែ​មួយ​កន្លែង ដី​តែ​មួយ​កន្លែង ធ្វើ​ប្លង់​ក្លែងក្លាយបួន​ប្រាំ​ ដើរ​ដាក់​បញ្ចាំ​ ដើម្បី​បោកប្រាស់​លុយ​គេ)។ នេះ​ជា​ឧទាហរណ៍​ដែល​កើត​មាន​ពិតៗ​នៅ​ក្នុង​សង្គម ដូច​នេះ​មុន​នឹង​រកស៊ី​ត្រូវ​តាមដាន​ស្រាវជ្រាវ​ឲ្យ​ល្អិតល្អន់។

៧-ដាក់​ប្រាក់​ក្នុង​ធនាគារ​ ដើម្បី​ចំណេញ​ការ​ប្រាក់់ៈ ប្រសិន​បើ​លោក​អ្នក​ត្រឹម​តែ​រក​លុយ​មក​ទុក មិន​ទាន់​ចាត់​ចូល​ក្នុង​ចំពូក «មនុស្ស​ពូកែ​សន្សំ​ប្រាក់» ទេ។ យក​ល្អ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ ដើម្បី​បាន​ការប្រាក់​ស៊ី ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គ្រាន់​បើ​ជាង​ទុក​ប្រាក់​នៅ​ក្នុង​ផ្ទះ នាំ​ប្រឈម​នឹង​ហានិភ័យ។

ប្រការ​សំខាន់ លោក​អ្នក​គួរ​ផ្អឹប​សាច់ប្រាក់​ខ្លួន​ឯង​នៅ​ក្នុង​ខ្ទង់​គណនី​ដែល​មិន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​លោក​អ្នក​ដក​ប្រាក់​ស្រេច​តែ​នឹង​ចិត្ត​នោះ​ទេ ព្រោះ​បើ​មិនដូច្នេះ​ទេ លោក​អ្នក​ចេះ​តែ​ចង់​ចំណាយ​ប្រាក់ ទោះ​កាន់​ក្រដាសប្រាក់ កាន់​មូលប្បទានប័ត្រ កាន់​វីហ្សាកាត ឬ​អ្វី​ក៏​ដោយ ឲ្យ​តែ​អាច​ទូទាត់​ជា​ប្រាក់​បាន ដឹង​តែ​ពី​ចង់​ចំណាយ។ ដូច​នេះ ត្រូវ​ជ្រើសរើស​ប្រភេទ​គណនី​ដែល​បង្កក​ប្រាក់​ដើម​ទុក ដើម្បី​កុំ​ឲ្យ​លោក​អ្នក​ចេះ​តែ​ចង់​ដកប្រាក់​ពី​ធនាគារ​មក​ចាយ​ផ្ដេសផ្ដាស។


៨-មាន​លុយ​នៅ​មិន​សុខ ចង់​តែ​ចំណាយ​លុយៈ ពេល​អ្នក​មាន​ទ្រព្យ​ធន​សម្បូរ​ហូរហៀរ ពួកគេ​ចាប់​ផ្ដើម​ចាយ​លុយ​ដូច​ក្រដាស​ ពោល​គឺ​ចាយ​ខ្ជះខ្ជាយ​ខុស​ខ្ទង់ លើ​របស់​ដែល​មិន​ចាំបាច់​។ លោក​អ្នក​ខ្លះ​ដែល​មាន​ប្រាក់​ក្នុង​ខ្លួន ដឹង​តែ​ពី​នៅ​មិន​សុខ ចង់​តែ​ចំណាយ ទិញ​នេះ​ទិញ​នោះ មិន​ចេះ​អស់​រឿង​ទិញ។

ប្រសិនបើ​ទិញ​របស់របរ​ដើម្បី​ត្រឹម​បង្អួត ឬ​សម្ញែង​អ្នក​ដទៃ​ប៉ុណ្ណឹង​ទេ គួរ​កុំ​ធ្វើ​បែប​នេះ​អី​ល្អ​ជាង ព្រោះ​គេ​បាន​ត្រឹម​សរសើរ​មួយ​ភ្លែត ឬ​មិន​ស្រួល​ដៀល​លោក​អ្នក​វិញ​ផង​ ថា​ចាយ​ខ្ជះខ្ជាយ៕

ប្រែ​សម្រួល៖ អន សំអាង

No comments:

Post a Comment